សព្វថ្ងៃនេះ បណ្ដាអ្នកប្រើប្រាស់ផលិតផល Apple ដូចជា iPhone, iPad និង
iPod គឺមានការកើនឡើងខ្លាំងទូទាំងពិភពលោក
រួមទាំងប្រទេសកម្ពុជាយើងផងដែរ។
សម្រាប់ប្រិយមិត្តដែលធ្លាប់ប្រើ iPhone ជំនាន់មុនចាប់ពីស៊េរី
iPhone 4S ចុះក្រោមប្រាកដជាដឹងហើយថារន្ធដោតខ្សែ USB
ឬសាកថ្មគឺមានប្រលោះធំវែង ប៉ុន្ដែនៅពេលដែល iPhone 5
ចាប់ផ្ដើមបង្ហាញខ្លួននៅឆ្នាំ 2012 មក Apple
ក៏បានផ្លាស់ប្ដូរទ្រង់ទ្រាយនៃរន្ធដោតខ្សែ USB នៃ iPhone,
iPad និង iPod ស៊េរីក្រោយៗទាំងអស់អោយមានប្រលោះតូចមែនទែន
ដោយត្រូវប្រើជាមួយនឹងខ្សែ Lightning connector សំរាប់សាកថ្ម
ក៏ដូចជាធ្វើការភ្ជាប់ទៅនឹងកុំព្យូទ័រជាដើម។ ហេតុនេះហើយ
ធ្វើអោយខ្សែ USB ជំនាន់មុនមិនអាចប្រើប្រាស់ជាមួយនឹងឧបករណ៍
Apple ជំនាន់ថ្មីឡើយ
ដែលធ្វើអោយអតិថិជនទាំងអស់បង្ខំចិត្តទិញខ្សែ Lightning
connector មកតម្រូវនឹងឧបករណ៍ថ្មីរបស់ខ្លួន។
យ៉ាងណាមិញ ការបង្ហាញខ្លួនរបស់ Lightning connector
គឺទទួលបានការរិះគន់យ៉ាងខ្លាំងពីអ្នកប្រើប្រាស់
ជាក់ស្ដែងខ្សែនេះទទួលបានផ្កាយត្រឹមតែ 1.5 លើ 5 ប៉ុណ្ណោះ
សំរាប់ការវាយតម្លៃរបស់អ្នកប្រើប្រាស់ជាង 1200 នាក់នៅលើ Apple
Store។ មូលហេតុដែលធ្វើអោយអ្នករាល់គ្នាមិនពេញចិត្តនោះគឺ
ខ្សែ USB នេះងាយខូចខាត និងដាច់រលាត់ជាដើម
ហើយបញ្ហាដែលទើបទទួលបានថ្មីៗនេះគឺវាងាយនឹងច្រេះតែម្ដង
ដែលធ្វើអោយខ្សែនេះ ដោតមិនស្គាល់ជាមួយនឹងឧបករណ៍របស់យើង។
បើតាមប្រភពពី MacRumor បានអោយដឹងថាបុរសម្នាក់ឈ្មោះ Jason O’Grady
រៀបរាប់ថា ប្រហែលជាមួយខែមុន ខ្សែ USB lightning របស់ Apple
(PN:MD818ZM/A) មានតម្លៃ $19
ដែលគាត់បានទុកនៅក្នុងរថយន្ដសំរាប់សាកថ្ម iPhone 5S
របស់គាត់ត្រូវបានខូច។ ដំបូងឡើយខ្សែ USB
របស់គាត់អាចប្រើប្រាស់បានធម្មតា តែក្រោយមកជួនប្រើបាន
ជួនមិនដំណើរការ ស្រាប់តែមួយសប្ដាហ៍ក្រោយមក
វាក៏ប្រើលែងបានតែម្ដង។ បន្ទាប់មកគាត់ក៏បានពិនិត្យមើលទៅខ្សែ
USB របស់គាត់ ហើយសង្កេតឃើញថា
នៅផ្នែកខាងចុងដែលមានឆ្នូតពណ៌មាសគឺមានភាពច្រេះទើបវាខូចដូច
នេះ។ សម្រាប់បញ្ហាច្រេះនេះ មិនមែនកើតឡើងតែនៅលើរូបលោក
O’Grady តែម្នាក់នោះទេ
ពោលគឺមានអ្នកប្រើប្រាស់ជាច្រើនផ្សេងទៀតក៏បានជួបប្រទះនឹងបញ្ហា
នេះដែរ ហើយពួកគាត់បានទៅក្រុមហ៊ុនផ្គត់ផ្គង់របស់ Apple
ដើម្បីដោះស្រាយបញ្ហានេះ ប៉ុន្ដែពួកគាត់ទទួលបានចំលើយពី
ភ្នាក់ងារមកវិញថា មកពីពួកគាត់ធ្វើអោយខ្សែ USB
សើមទើបវាច្រេះដូចនេះ
ប៉ុន្ដែអតិថិជនទាំងឡាយសុទ្ធតែមិនយល់ស្របនូវការឆ្លើយតបនេះ។
ដោយឡែកប្រភពមួយទៀតមកពី Forum មួយដែលសរសេរដោយលោក Jim Dion
បានអោយដឹងថា គាត់បានយកខ្សែ USB Lightning
ដែលទើបតែប្រើបានមួយខែយកទៅហាងផ្គត់ផ្គង់របស់ Apple
ប៉ុន្ដែគាត់ត្រូវបានគេប្រាប់ថាមកពីគាត់ធ្វើអោយខ្សែ USB
ត្រូវទឹកទើបវាច្រេះដូចនេះ ហើយគាត់ក៏បានបដិសេធ
ប៉ុន្ដែពួកគេមិនជឿរូបលោកឡើយ
ហើយថែមទាំងបង្ហាញអោយគាត់ដឹងថានេះមិនមែនជាលើកទីមួយទេដែលពួក
គេជួបនឹងអ្នកមកតវ៉ាដូចនេះ។
ដោយឡែកពួកគេក៏បាននិយាយបន្ដទៀតថា នឹងប្ដូរថ្មីជូនគាត់
ប៉ុន្ដែគ្មានលើកក្រោយទៀតឡើយ។ Jim Dion
ហួសចិត្តជាខ្លាំងហើយគាត់ថា
នេះហើយជាអ្វីដែលគាត់ចំនាយលុយរាប់ពាន់ដុល្លាទៅលើផលិតផល Apple
ប៉ុន្ដែគ្រាន់តែរឿង ខ្សែ USB តម្លៃ 3$ សោះ
ពួកគេបែរជាធ្វើបែបនេះដាក់គាត់
ហើយគាត់បានបន្ថែមទៀតថានេះជាបញ្ហាដែលបង្កឡើងដោយសារ ខ្សែ USB
របស់ពួកគេប៉ុន្ដែពួកគេបែរជាមិនទទួលខុសត្រូវ
ហើយបែរជាទំលាក់កំហុសមកលើអ្នកប្រើប្រាស់វិញ។
ទាំងនេះគឺជាមតិរិះគន់របស់អ្នកប្រើប្រាស់ដែលបានដកស្រង់យកមកបង្ហាញ
ប៉ុន្ដែដើមហេតុនៃបញ្ហា មកពីអ្វីអោយប្រាកដនោះ
យើងពិបាកសន្និដ្ឋានណាស់។ ប៉ុន្ដែបើតាមបទពិសោធន៍ខ្ញុំជាក់ស្ដែង
ខ្សែ USB Lightning នេះគឺងាយនឹងឆាប់ខូចពិតមែន
បើយើងប្រើមិនប្រុងប្រយ័ត្ន
ប៉ុន្ដែខ្ញុំមិនទាន់ជួបនឹងបញ្ហាច្រេះដូចករណីខាងលើនៅឡើយ
ចុះអ្នកទាំងអស់គ្នាធ្លាប់ជួបបញ្ហាច្រេះខ្សែ USB
ដូចករណីខាងលើដែរឬទេ? យ៉ាងណាមិញ
អ្នកទាំងអស់គ្នាគួរតែប្រុងប្រយ័ត្នខ្ពស់
នៅពេលប្រើប្រាស់និងទុកដាក់ ខ្សែ USB នេះព្រោះវាងាយនឹងខូច
ហើយតម្លៃរបស់វាគឺរាងថ្លៃបន្ដិចហើយ
ម្យ៉ាងទៀតសូមអ្នកជៀសវាងប្រើប្រាស់នូវខ្សែក្លែងក្លាយដែលមាន
តម្លៃថោក ព្រោះវាងាយនឹងធ្វើអោយ ឧបករណ៍របស់យើងឆាប់ខូច
និងបង្កគ្រោះថ្នាក់ផ្សេងៗជាដើម។
Post a Comment